សន្និសីទ ប្រធានសភា នៃអន្តរសភាលើកទី២ ដឹកនាំដោយសម្ដេចតេជោ ដើម្បីស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាព ទូទាំងពិភពលោក
ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាបានលើកឡើងថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលដឹកនាំរៀបចំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាព សម្រាប់មនុស្សជាតិទូទាំងសកលលោក ។

ក្នុងឱកាសទទួល ជួបពិភាក្សាការងារជាមួយ លោក តាន់ ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងឱកាសលោក ដឹកនាំគណៈប្រតិភូចូលរួម សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សម្ដេច ឃួន សុដារី បញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដឹកនាំរៀបចំឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកមួយរូបរបស់សន្និសីទប្រធានសភា នៃអន្តរសភារៀបចំឡើងក្នុងគោលបំណងស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាព តាមរយៈការជំរុញនូវវប្បធម៌សន្ទនា ដោយយកប្រជាពលរដ្ឋជាស្នូល។

សម្តេចបន្តថា វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនៅក្នុងសន្និសីទ ISC លើកទី២ នេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជឿជាក់ ទុកចិត្ត និងយោគយល់គ្នានៃប្រទេសទាំងពីរប្រកបដោយភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យនៃសន្និសីទ ISC លើកទី២ នេះ ថែមទៀតផង។

សម្ដេចប្រធានរដ្ឋសភាបញ្ជាក់ថា សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភា ជាច្រើនប្រទេសចូលរួម ទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការអន្តរជាតិសំខាន់ៗជាច្រើនទៀតចូលរួម។ នេះជាវេទិកាសំខាន់ នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកប ដោយសុខដុមរមនាជាមួយគ្នា ។ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន៕






