Feature

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដាក់ឱ្យប្រើប្រាស់ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការ អាកាសចរណ៍ទំនើប”

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)” ថ្មី ស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ និងការរីកចម្រើនជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍។

មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការសម្រួលប្រតិបត្តិការហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Air Cambodia និងជារដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពក្នុងពិធី និងបានកាត់ខ្សែបូសម្ពោធ ដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថ្មីនេះជាផ្លូវការ។


លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ដោយមានការចូលរួមជាមួយសមាជិកក្រុមការងារ និងតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រុមហ៊ុន។ ពិធីសម្ពោធនេះ បានបង្ហាញពីការបន្តផ្លាស់ប្តូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងការរួមចំណែករបស់របស់ខ្លួនដល់ការពង្រឹងការតភ្ជាប់ ទេសចរណ៍ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា។

មជ្ឈមណ្ឌល AOC ថ្មីនេះ មានតួនាទីសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន Air Cambodia ដោយរួមបញ្ចូលការរៀបចំ និងត្រួតពិនិត្យជើងហោះហើរតាមពេលវេលាជាក់ស្តែង ការសម្របសម្រួលយន្តហោះ និងអាកាសយានិក ការគាំទ្រផ្នែកថែទាំយន្តហោះ ប្រតិបត្តិការលើដី និងការសម្របសម្រួលសេវាកម្មអ្នកដំណើរ។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹង សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព ភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រងចំពោះភាពមិនប្រក្រតីនៃប្រតិបត្តិការ។


មជ្ឈមណ្ឌល AOC នេះក៏ជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់សម្រាប់គាំទ្រដល់អាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធគ្នា៖ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ និងការពង្រីកបណ្តាញជើងហោះហើរ និងការពង្រឹងប្រតិបត្តិការលើដី​ ។

សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន Air Cambodia ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព និងគុណភាពសេវាកម្ម។ ក្នុងនាមជាប្រតិបត្តិករសំខាន់សម្រាប់គាំទ្រការធ្វើទំនើបកម្មប្រភេទយន្តហោះ ការពង្រីកបណ្តាញជើងហោះហើរ និងការលើកកម្ពស់ការផ្តល់សេវាកម្ម រួមជាមួយនឹងការបន្តវិនិយោគលើយន្តហោះ ធនធានមនុស្ស ប្រព័ន្ធប្រតិបត្តិការ និងការសម្របសម្រួលជាមួយអាកាសយានដ្ឋានមជ្ឈមណ្ឌល AOC ថ្មីនេះ នឹងផ្តល់មូលដ្ឋានគាំទ្រដ៏រឹងមាំសម្រាប់ការពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុន និងជំរុញបន្ថែមទៀតនូវមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការពង្រីកការតភ្ជាប់របស់កម្ពុជាជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕

To Top