រយៈពេល៣ឆ្នាំ នៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង បណ្តុះយុវជនជំនាញជាង ៣ពាន់នាក់
ស្វាយរៀង៖ រយៈពេល៣ឆ្នាំនៃអាណត្តិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បានចូលរួមយ៉ាងសកម្មក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជាង ៣ពាន់នាក់ ដើម្បីឱ្យពួកគេមានជំនាញ អាចចាប់យកឱកាសការងារ និងបង្កើតប្រាក់ចំណូលសមរម្យសម្រាប់ជីវភាពរស់នៅ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកទេស មានចំនួនសរុប ៣,៣៥៣នាក់។

លោកថ្លែងថា៖ «លទ្ធផលនេះបង្ហាញពីការរួមចំណែករបស់វិទ្យាស្ថានក្នុងការផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចយកទៅប្រើប្រាស់ជាក់ស្តែង ក្នុងទីផ្សារការងារ ព្រមទាំងជួយឱ្យយុវជនមានសមត្ថភាពប្រកបអាជីព និងបង្កើតប្រាក់ចំណូលដោយខ្លួនឯង»។

បើតាមលោកនាយក សម្រាប់ឆ្នាំថ្មីនេះ វិទ្យាស្ថានកំពុងផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារ តាមរយៈការបណ្តុះបណ្តាលលើជំនាញចំនួន ១០ មុខវិជ្ជា រួមមាន អគ្គិសនី អក្សរសាស្ត្រអង់គ្លេស វិទ្យាសាស្ត្រកុំព្យូទ័រ អេឡិចត្រូនិក ប្រព័ន្ធស្វ័យប្រវត្តិកម្ម (មេកាត្រូនិក) មេកានិកឧស្សាហកម្ម បរិក្ខារត្រជាក់ឧស្សាហកម្ម យន្តសាស្ត្ររថយន្ត គណនេយ្យ និងហិរញ្ញវត្ថុ និងសំណង់ស៊ីវិល។

សម្រាប់ព័ត៌មានបន្ថែម សិស្ស និស្សិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 012 267 679/ 089 436 693 010 54 77 78 / 088 9 532 333 ឬមកកាន់តទីតាំងផ្ទាល់របស់វិទ្យាស្ថានដែលមានទីតាំងស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕





