Feature

បង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុង១សប្តាហ៍ បាន ៣៣ករណី និង កសាងសំណុំរឿង ៤ករណី ទៅតុលាការ

ភ្នំពេញ ៖ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន បង្កើនគម្របបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្រ្តីឧទ្យានុរក្សនៅតាមមន្ទីរបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ រួមជាមួយប្រជាពលរដ្ឋ អ្នកស្រឡាញ់បរិស្ថាន និងអង្គការសមាគមសង្គមស៊ីវិល បានបង្ក្រាប បទល្មើសក្នុងតំបន់ការពារធម្មជាតិ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចំនួន ៣៣ករណី និងបានកសាងសំណុំរឿង ចំនួន៤ករណី បញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ ក្រុមការងារ បានចាប់ឃាត់ រក្សាទុកវត្ថុតាង នៅតាមស្នាក់ការ ក្នុងតំបន់ការពារធម្មជាតិ រួមមាន៖ រថយន្តចំនួន ១គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៦គ្រឿង រណាយន្តចំនួន ២៥គ្រឿង កាំភ្លើងកែច្នៃចំនួន ៣ដើម និងអន្ទាក់ចំនួន ៦៨ខ្សែ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានដកហូតឈើ បានចំនួន ១៨,៤៣ម៣ និងបង្កាបការទន្រ្ទានដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ បានចំនួន ២,៧០ហិកតា។ –

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងមិនមានការលើកលែង ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការពារធនធានធម្មជាតិ និងការពង្រីកគម្របបៃតង នៅតាមតំបន់ការពារធម្មជាតិទាំង ៧៣ កន្លែងទូទាំងប្រទេស។

ជាមួយគ្នានេះ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងគោរពតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងបរិស្ថាន បានបន្តធ្វើការរួមគ្នាជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សាលាដំបូងខេត្ត អង្គការ សមាគម សង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងធានានិរន្តរភាពបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ៕

To Top