Feature

ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាជាមួយប្រធានមូលនិធិ សុខុមាលភាពសង្គម GO &DO

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Woo Hee ប្រធានមូលនិធិសុខុមាលភាពសង្គម GO & DO (GO & DO Social Welfare Foundation) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។

ក្នុងឱកាសនៃជំនួប ឯកអគ្គរាជទូត បានថ្លែងអំណរគុណ ដល់លោក Park ដែលបានជួយសម្របសម្រួល ដល់ដំណើរការប្រគល់ ជំនួយរថយន្ត-សម្ភារៈពន្លត់អគ្គិភ័យ និង រថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលកូរ៉េ ពិសេសរដ្ឋបាលខេត្តខ្យង់គីដូ ទៅក្រសួងស្ថាប័ន នៃប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន សរុបប្រមាណ ៨០ គ្រឿង ដែលជំនួយទាំងនោះបានសម្រួល ដល់ប្រតិបត្តិការពន្លត់អគ្គិភ័យ របស់ភ្នាក់ងារពន្លត់អគ្គិភ័យកម្ពុជា ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក PARK មានប្រសាសន៍ថា កម្ពុជាប្រៀបដូចជាស្រុកកំណើតទី២ របស់លោក ហើយលោកបានសម្តែងនូវឆន្ទៈក្នុងការបន្តគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ជាមួយថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នសាធារណៈ និងដៃគូសក្តានុពលផ្សេងទៀត ដើម្បីកៀរគរ ជំនួយបន្ថែមសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការចូលរួមយ៉ាង សកម្មជាមួយស្ថាប័នរដ្ឋាភិបាលកូរ៉េ អាជ្ញាធរមូលដ្ឋាន ដៃគូវិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងនាំនូវអត្ថប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា៕

To Top