Feature

ទំហំឥណទានសម្បទានពីធនាគារចិន ជិត៦ពាន់លានដុល្លារ ធ្វើហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ក្នុងរយៈពេលជាង២ទស្សវត្សន៍កន្លងមក ទំហំឥណទានសម្បទាន ពីធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) មានចំនួនសរុបប្រមាណ៥ ៩០០លានដុល្លារ ដោយបានធ្វើហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ។

ក្នុងជំនួបជាមួយលោក Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា China Eximbank ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងរយៈពេលជាង២ទស្សវត្សន៍កន្លងមក ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុប ប្រមាណ៥ ៩០០ លានដុល្លារ ដោយបានធ្វើហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសរុបចំនួន៧១គម្រោង ។ ក្នុងនោះ មានវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន៣៨គម្រោង មានប្រវែងសរុបប្រមាណ ជាង៣ ០០០ គីឡូម៉ែត្រ , ស្ពានឆ្លងទន្លេសាបចំនួន២កន្លែង , ស្ពានឆ្លងទន្លេមេគង្គចំនួន៤កន្លែង , ស្ពានឆ្លងទន្លេបាសាក់​ ចំនួន៤កន្លែង , វិស័យប្រព័ន្ធធារាសាស្ត្រ ចំនួន១៧គម្រោង , វិស័យអគ្គិសនីចំនួន១២គម្រោង ព្រមទាំងវិស័យផ្សេងទៀតចំនួន៤គម្រោង ។

ចំណែកលោក Chen Huaiyu បានគូសបញ្ជាក់ផងដែរនូវជំហររឹងមាំរបស់ China Eximbank ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏ពិភាក្សាពីការកិច្ចសហការជិតស្និទ្ធបន្តទៀត ដើម្បីឱ្យការងារសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ អាចសម្រេចបានតាមការរំពឹងទុក ។ ភាគីមិត្តចិន នឹងបន្តជួយគាំទ្រស្វែងរកដៃគូវិនិយោគបន្ថែមទៀតក្នុងដំណាក់កាលបន្តបន្ទាប់នៃដំណើរការព្រែកជីក , កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង , កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជា ការទាក់ទាញវិនិយោគិនពីវិស័យឯកជន , ថាមពលអគ្គិសនី , បញ្ញាសប្បនិមិត្ត , ពាណិជ្ជកម្ម , ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕

To Top