ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាត ជូនសម្តេចតេជោ ដឹកនាំគណៈប្រតិភូ ISC-2 ចូលក្រាបថ្វាយបង្គំ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង ។

ការអញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្ររបស់សម្តេចតេជោ មុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ។ ពិធីបើកជាផ្លូវការត្រូវបានប្រកាសឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ។ ក្នុងគោលបំណងដើម្បីស្តារទំនុកចិត្ត លើកកម្ពស់សន្តិភាពតាមរយៈវប្បធម៌សន្ទនា ពង្រឹងពហុភាគីនិយម និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមសកល ដូចជា ៖ សន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ៕







