Feature

ក្រសួងការងារ និងដៃគូជាតិ-អន្តរជាតិរួមគ្នា លើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈល្អ និងកិច្ចគាំពារ សិទ្ធិបងប្អូនកម្មករនិយោជិត

ភ្នំពេញ៖លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពីទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយ ការងារ ក្រោមប្រធានបទ “កិច្ចការពារដែលមាន ភាពធន់នៅក្នុងអន្តរកាលប្រកបដោយយុត្តិធម៌” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាព សហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) សហការជាមួយមូលនិធិការងារ អន្តរជាតិជប៉ុន (JILAF) ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត សមាគមនិយោជក និង ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាធានាកិច្ចការពារកម្មករនិយោជិត និងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរនៃពិភពការងារប្រកបដោយយុត្តិធម៌ និងភាពធន់។

ក្នុងឱកាសនេះ លោកបានលើកឡើងថា ពិភពការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបង្កើតទាំងឱកាស និងបញ្ហាប្រឈមថ្មីៗ។ ដូច្នេះ ត្រូវធានាឱ្យមានអន្តរកាលដោយយុត្តិធម៌ ដោយមិនទុកកម្មករ និយោជិតណាម្នាក់ចោល តាមរយៈការជួយ ឱ្យពួកគាត់សម្របខ្លួន បង្កើនជំនាញ និងទទួលបានកិច្ចការពារសមស្រប។

លោកបានបញ្ជាក់ថាក្រសួងបាននិងកំពុងពង្រឹងយន្តការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត តាមរយៈអធិការកិច្ចការងារ ប្រព័ន្ធ LACMS ប្រអប់បណ្តឹងអនាមិក និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) រួមទាំងកម្មវិធី TVET ១,៥ លាន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះ កិច្ចការពារសង្គមតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់សម្រាប់ធានាសុវត្ថិភាពជូនបងប្អូនកម្មករនិយោជិត និងគ្រួសារ ខណៈការចូលរួមរបស់សហជីព កម្មករនិយោជិត និយោជក អង្គការអន្តរជាតិខាងការងារ (ILO) និង JILAF មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាពអង្គការវិជ្ជាជីវៈ និងការការពារសិទ្ធិកម្មករនិយោជិត។

ទន្ទឹមនេះ លោកបានលើកទឹកចិត្តអង្គការវិជ្ជាជីវៈឱ្យបន្តអនុវត្តច្បាប់ ពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាព ការចរចារួម និងយន្តការដោះស្រាយវិវាទ ព្រមទាំងត្រៀមខ្លួនសមស្របសម្រាប់ការផ្លាស់ប្តូរនៅក្នុងពិភពការងារ។ ការចូលរួមរបស់គ្រប់ភាគី នឹងរួមចំណែកកសាងទំនាក់ទំនងវិជ្ជាជីវៈ និងសុខដុមនីយកម្មនៅកន្លែងការងារ៕

To Top