ព័ត៌មានជាតិ

សម្តេច​ធិបតី​ គូសបញ្ជាក់ពីសារៈសំខាន់ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅ​​ថែរក្សា​សន្ដិភាព និងស្ថិរភាពក្នុងតំបន់

ភ្នំពេញ៖ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត និង​​ប្រធាន​រដ្ឋសភា​ម៉ាឡេស៊ី បានឯកភាពគ្នាលើសារៈសំខាន់ នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក ​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែក ដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់​ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ​ជាមួយ​ លោក Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។


ក្នុងជំនួបលោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

 
ជាការឆ្លើយតប សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពលជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​

 
ជាមួយគ្នានេះ សម្ដេចធិបតី និងលោកប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ 

លើសពីនេះ សម្តេច​ធិបតី​ និង​លោក​ប្រធាន​រដ្ឋសភាម៉ាឡេស៊ី​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក ​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែក ដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។

 
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀត ចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួល ឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​លើកឡើង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង​ ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

To Top