កម្ពុជា ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញរបស់ខ្លួន ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នាទីក្រុងហូជីមិញ លើកទី២០
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដ៏ទាក់ទាញ ក្នុងពិព័រណ៍ទេស ចរណ៍អន្តរជាតិ នាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) ឆ្នាំ២០២៦ ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី បើកសម្ពោធជាផ្លូវការ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ (ITE-HCMC) គឺជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់បំផុតមួយ នៅតំបន់មេគង្គ និងជាវេទិកាយុទ្ធសាស្ត្រសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់អាជីវកម្ម និងការពង្រីកទីផ្សារទេសចរណ៍ រវាងបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។ ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២០ នៃការរៀបចំព្រឹត្តិការណ៍ ITE-HCMC ក្រោមប្រធានបទ «ការភ្ជាប់ទំនាក់ ទំនងយ៉ាងរស់រវើក – គោលដៅ ទេសចរណ៍សកល» (Vibrant Connections – Global Destinations) ដោយមានអ្នកលក់អន្តរជាតិ លំដាប់ខ្ពស់ជាង២៦០ មកពីប្រទេសជាង៤០ប្រទេស និងអ្នកលក់ ឬ អ្នកតាំងពិព័រណ៍ជាង៥០០ ក្រុមហ៊ុនល្បីៗ ពីប្រទេសវៀតណាម និង ប្រទេសផ្សេងៗ ជាមួយការកក់ជំនួបមុនជាង២០.០០០ ព្រមទាំងអ្នកមកចូល រួមជាង៣០.០០០នាក់។

តាមរយៈការចូលរួមក្នុងពិធីបើកជាផ្លូវការនៃ ITE-HCMC 2026 កម្ពុជាបានបន្តបង្ហាញវត្តមានយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនា ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន៕







