Feature

លោក ហួត ហាក់ ៖ ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ លើការច្នៃប្រឌិត និរន្តរភាព និងការតភ្ជាប់

ភ្នំពេញ៖​​ ក្នុងវេទិការអន្តរជាតិ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការគូសបញ្ជាក់ ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត (Innovation) និរន្តរភាព (Sustainability) និង ការតភ្ជាប់ (Connectivity) ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាទេសចរណ៍ថ្នាក់ខ្ពស់ ស្តីពីទេសចរណ៍ MICE (Meetings, Incentives, Conferences, and Exhibitions tourism) (High-Level Tourism Forum on MICE Tourism) ដែលរៀបចំឡើង ក្នុងក្របខណ្ឌពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2026 នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងសុន្ទរកថានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត (Innovation) និរន្តរភាព (Sustainability) និង ការតភ្ជាប់ (Connectivity) ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសក្តានុពល​ នៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ (Multi-destination Tourism) រវាងកម្ពុជា វៀតណាម និងបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយលើកទឹកចិត្ត ឱ្យប្រទេសជិតខាងមើលគ្នាទៅវិញទៅមក ជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ ដែលបំពេញបន្ថែមគ្នា ជាជាងជាគូប្រកួតប្រជែង ជាក់ស្តែងជាឧទាហរណ៍កិច្ចប្រជុំ ឬ សន្និសីទនៅទីក្រុងហូជីមិញ អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ច​ លើកទឹកចិត្តទៅកាន់រាជធានីភ្នំពេញ ឬ​ ខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍ កាន់តែសម្បូរបែបដល់ភ្ញៀវអន្តរជាតិ និងបង្កើនភាពទាក់ទាញ នៃគោលដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។

លើសពីនេះដែរ លោករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលរបស់កម្ពុជា​ ក្នុងការអភិវឌ្ឍជាគោលដៅ សម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ ដោយរាជធានីភ្នំពេញ កំពុងអភិវឌ្ឍជាគោលដៅសម្រាប់កិច្ចប្រជុំ រដ្ឋាភិបាល និងធុរកិច្ចអន្តរជាតិ ខណៈខេត្តសៀមរាប តំបន់ឆ្នេរ តំបន់ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ មានសក្តានុពលខ្ពស់សម្រាប់កម្មវិធីលើកទឹកចិត្ត និងដំណើរទស្សនកិច្ចមុន និងក្រោយសន្និសីទ។

ឆ្លើយតបនឹងនិន្នាការ​ អភិវឌ្ឍទេសចរណ៍ក្នុងតំបន់ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការតភ្ជាប់ ធនធានមនុស្ស និងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍​ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន៕

To Top