អាល្លឺម៉ង់ មានបំណងចង់ជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍ នុយក្លេអ៊ែររបស់អង់គ្លេស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់កំពុងពិចារណាបញ្ចូលមូលនិធិ ទៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ខណៈដែលប្រទេសអឺរ៉ុបណាតូកាន់តែស្ទាក់ស្ទើរ ក្នុងការពឹងផ្អែកលើកម្មវិធីឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។
ប្រភពដដែលបាននិយាយថា មន្ត្រីអាល្លឺម៉ង់កំពុងពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧស្សាហកម្ម សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរនាវាមុជទឹក Trident របស់ចក្រភពអង់គ្លេស ជាជាងការស្វែង រកឃ្លាំងអាវុធសម្រាប់ជាតិ ដោយមានប្រភពមួយបានលើកឡើង ពីកំហុសនៃសង្គ្រាមលោកលើកទី២ របស់អាល្លឺម៉ង់ជាកត្តាវាស់វែង។
ប្រភពដ៏ល្អមួយបានប្រាប់ថា៖យើងមានចំណាប់អារម្មណ៍ខ្លាំងណាស់ដែលមហាអំណាចនុយក្លេអ៊ែរដែលមានស្រាប់នៅអឺរ៉ុបពង្រីកសមត្ថភាពរបស់ពួកគេ។
ទីក្រុងប៊ែរឡាំងត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកថាតើលុយ ឬឧស្សាហកម្មរបស់អាល្លឺម៉ង់ អាចចូលរួមចំណែកដល់ជំនាន់ក្រោយ នៃនាវាមុជទឹកនុយក្លេអ៊ែរ មីស៊ីល ឬការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ក្បាលគ្រាប់នាពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ ប្រភពការពារជាតិ អង់គ្លេសមួយបានចោទសួរថា តើក្រុមហ៊ុនអាល្លឺម៉ង់ មានបទពិសោធន៍ឯកទេសខ្ពស់ ដែលចាំបាច់ក្នុងការសាងសង់ និងថែទាំកងនាវាមុជទឹកនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ដែលកំពុងតែមានបញ្ហាក្នុងការថែទាំ និងកម្លាំងពលកម្មដែរឬទេ៕
ប្រែសម្រួល៖ស៊ុនលី
