Feature

ប្រធានសភា និងតំណាងសភា មកពីជុំវិញពិភពលោក ប្តេជ្ញាគោរពប្រតិបត្តិ តាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ ប្រធានសភា និងតំណាងសភា មកពីតំបន់ផ្សេងៗជុំវិញពិភពលោកប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរព កាតព្វកិច្ចនៃច្បាប់អន្តរជាតិ ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំសន្និសីទ ប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២៦-២៨ សីហា ។ កិច្ចប្រជុំបានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ។ បន្ទាប់ពីចំណាយការបើកកិច្ចប្រជុំនេះ ក៏បានអនុម័តនូវសេចក្តីប្រកាស ទីក្រុងភ្នំពេញផងដែរ ។

តាមរយៈសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពី សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី បានឱ្យដឹងថា ក្នុងនាមជាប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ជួបជុំគ្នានៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរព កាតព្វកិច្ចនៃច្បាប់អន្តរជាតិ ។

ជាមួយគ្នានេះ ក៏បានគាំទ្រ ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចាការសម្រុះសម្រួល និងមធ្យោបាយ សន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ , ពង្រឹងពហុភាគីនិយម ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពជាអន្តរជាតិ , ពង្រឹងការទូតសភា ជាឧបករណ៍ដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្ត ការបង្ការជម្លោះ កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងតាមរយៈការគាំទ្រការលើកម្ពស់ការទូតបង្ក ជម្លោះ និងវិធានការសន្តិវិធីផ្សេងទៀត ដែលជួយដោះស្រាយភាពតានតឹង មុនពេលបញ្ហាក្លាយទៅជាជម្លោះ ។ ក្នុងនោះ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងសភានានា ប្រឈមរួមនៅថ្នាក់តំបន់ និងសកល។

សេចក្តីប្រកាសបញ្ជាក់ថា ដោយទទួលស្គាល់ថា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពពង្រឹងនិងគាំទ្រគ្នាទៅវិញទៅមកគណៈប្រតិភូទាំងអស់ ក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព , សន្តិសុខស្បៀង ថាមពល និងសុខភាព ព្រមទាំងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាពបរិស្ថាន។

សម្រាប់មាគ៌ាឆ្ពោះ ទៅមុខគណៈប្រតិភូសម្រេចចិត្តបន្តពង្រឹងសន្និសីទប្រធានសភានៃអន្តរសភា តាមរយៈការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការផ្លាស់ប្តូររវាងសភាដែលចូលរួម , ការលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្ម ចំណេះដឹង និងឧត្តមានុវត្តន៍ , ការគាំទ្រការកសាងសមត្ថភាព និង ការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ ប្រទេសកំពុងអភិវឌ្ឍ , ការធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនង ការសម្របសម្រួល និងការតាមដានលទ្ធផលនៃកិច្ច ពិភាក្សា និងគំនិតផ្តួចផ្តើមរបស់ ISC រួមទាំងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍រវាង សភាដែលចូលរួម ៕

To Top