Feature

ប្រធានសភាម៉ាល់ឌីវ កោតសរសើរ កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា បានកោតសរសើរ ចំពោះកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំនៃអន្តរសភា លើកទី២ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សា ការងារជាមួយ ប្រធានសភាម៉ាល់ឌីវ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ ប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា សម្ដេចតេជោ ក៏បានថ្លែងអំណរអរគុណ ចំពោះប្រធានសភាម៉ាល់ឌីវ ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទ ប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

លោក ជា ធីរិទ្ធបញ្ជាក់ថា “ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការរៀបចំសន្និសីទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាព របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ” ។

អ្នកនាំពាក្យបន្ថែមថា ក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយឯកឧត្តមប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក៏បានជជែកទៅលើការពង្រឹង នៅក្នុងក្របខណ្ឌទ្វេភាគី រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញ ផលិតផលកសិកម្មផងដែរ ៕

To Top