Feature

រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៤៨៦,៦១៣លានរៀល ឬជិត ៥០០ពាន់លានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងការគាំពារជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ។

តាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរយៈពេលជាង៨ឆ្នាំនេះ មានសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះសរុប ៧៩៩,១២៣នាក់ ដែលទទួលបានការគាំពារតាមរយៈការពិនិត្យផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងជូនកូន ដោយមានចំនួនកូនសរុប ៨៩២,០៧៥នាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារ ព្រមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារកម្មករនិយោជិត។

លោកបានបញ្ជាក់ថា៖ «ការផ្តល់ប្រាក់ឧបត្ថម្ភនេះ មិនត្រឹមតែជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងធានាឱ្យមាតា និងកុមារទទួលបានការគាំពារសុខភាពកាន់តែប្រសើរ»។

សមាជិក ប.ស.ស. និងកម្មករនិយោជិតដែលត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គម អាចទាក់ទងទៅលេខ ១២៨៦៕

To Top