ក្រសួងការងារផ្តល់ទាំង “ចំណេះ និងចំណូល” ហើយបន្តផ្សព្វផ្សាយឱកាសការងារជាង ២ពាន់កន្លែង និងកម្មវិធី TVET ជូនដល់អតីតពលករ និងសិស្សទើបប្រឡង់បាក់ឌុប ដល់មូលដ្ឋាន ក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅក្នុងបរិវេណសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និង ផ្ដល់ការងារឱ្យខ្មែរ”លោក ឡេង សែ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩០ ៨០០កន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោកគូសបញ្ជាក់ថា ក្រសួងចង់ឱ្យបងប្អូនមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសគឺការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស ដែលជួយផ្តល់ចំណូលដល់ខ្លួនឯង បំពេញតម្រូវការកម្លាំងពលកម្ម និង ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិដោយផ្ទាល់ ព្រមទាំងផ្តល់សុភមង្គល ក្នុងគ្រួសារផងដែរ ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅថៃប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព រើសអើង និងរស់នៅឆ្ងាយពីក្រុមគ្រួសារ។

ជាមួយគ្នានេះ បងប្អូនដែលមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ ។ ក្រៅពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុបរួច ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ សម្រាប់គ្រួសារងាយរងគ្រោះគឺបានទាំង“ចំណេះនិងចំណូល”។ លោកបានសំណូមពរដល់រដ្ឋបាលខេត្តឱ្យជួយសម្របសម្រួលមធ្យោបាយធ្វើដំណើរដើម្បីដឹកសិស្សានុសិស្ស យុវជន និងអតីតពលករទៅមើលវិទ្យាស្ថាន និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែប។

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារ ក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ លោកក៏បានលើកទឹកចិត្ត ឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍន:អាស៊ី ចំកាត់(ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ និងរោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕















