សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តជំរុញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវកំណែទម្រង់ដ៏សំខាន់ ពាក់ព័ន្ធ SME
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវកំណែទម្រង់ដ៏សំខាន់ ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូច និងមធ្យម (SME)។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែ ទម្រង់ដ៏សំខាន់ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូច និងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការ ចុះបញ្ជីប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនស្នើសុំច្បាប់ពីក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។
លើសពីនេះ ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវនិងពង្រឹងនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការសម្រេចនិងរៀបចំធនធាន មនុស្ស ដើម្បីធានាបាននូវសង្គតិភាព និងការអនុវត្តការងារស្តង់ដាតែមួយ៕
