Feature

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយតបសេចក្តីថ្លែងការណ៍ របស់ប្រធានព្រឹទ្ធសភាថៃ ពាក់ព័ន្ធប្រសាសន៍ សម្តេចតេជោរឿងព្រំដែន

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់ប្រធានព្រឹទ្ធសភាថៃ ដែលបានប្រតិកម្ម ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសបើកសន្និសីទ ប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យព្រឹទ្ធសភាកត់សម្គាល់ ដោយសោកស្តាយ ចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ។ អ្នកនាំពាក្យបញ្ជាក់ថា ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិត ដែលបាននិងកំពុងកើតមានពាក់ព័ន្ធ នឹងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះ ដោយសន្តិវិធី ។

ក្នុងស្មារតីនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ការលើកឡើងអំពី «បញ្ហាឆបោក តាមប្រព័ន្ធអនឡាញ» គឺជាការបង្ហាញយ៉ាងច្បាស់ អំពីរបៀបដែលការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានប្រទេសថៃ យកមកធ្វើជាហេតុផល ដើម្បីប្រើប្រាស់កម្លាំង ឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ។ ទោះបីជាការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន គឺជាការចាំបាច់ និងស្របច្បាប់ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការនេះ មិនអាចយកមកប្រើប្រាស់ដើម្បីរំលងគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យ បូរណភាពទឹកដី និងការហាមឃាត់ការប្រើប្រាស់កម្លាំងបានឡើយ។
អ្នកនាំពាក្យបន្ថែមថា ចំពោះការលើកឡើង របស់សម្តេចតេជោ អំពីការវាយប្រហារ លើសំណង់ស៊ីវិល មានសារៈសំខាន់ពីទស្សនៈ នៃច្បាប់មនុស្សធម៌ អន្តរជាតិ ។ ប្រសិនបើទីតាំង ដែលត្រូវបានអះអាងថា ជាគោលដៅយោធា តាមការពិតមានលក្ខណៈជាស៊ីវិល នោះទីតាំងទាំងនោះ ត្រូវបានការពារក្រោម គោលការណ៍ជាមូលដ្ឋាន នៃការបែងចែក ឱ្យដាច់រវាងវត្ថុស៊ីវិល និងគោលដៅយោធា។ ដូច្នេះ ការវាយតម្លៃផ្លូវច្បាប់ គួរតែផ្អែកលើអង្គហេតុ ដែលអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យអំពីលក្ខណៈ និងការប្រើប្រាស់ជាក់ស្តែងនៃទីតាំងទាំងនោះ។ សម្រាប់ចំណុចដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្របំផុត គឺការព្រមានអំពី “យុទ្ធសាស្ត្រ ឈ្លានពានបែបហាន់ចំណិតសាច់ក្រក» ដែលសំដៅទៅលើគ្រោះថ្នាក់នៃការផ្លាស់ប្តូរស្ថានភាព នៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ ហើយក្រោយមកត្រូវបានយកមកប្រើជាមូលដ្ឋាន សម្រាប់គាំទ្រការទាមទារទឹកដី។ នេះហើយជាល្បិចកល មិនអាចប្រកែកបានរបស់ប្រទេសថៃ ក្នុងការបង្កើតស្ថានភាពថ្មី លើដីជាក់ស្តែងរបស់កម្ពុជា ។

អ្នកនាំពាក្យបញ្ជាក់យ៉ាងច្បាស់ៗថា ចំពោះការអះអាង របស់ប្រធានព្រឹទ្ធសភាថៃ ដែលថា កម្ពុជា «ជាអ្នកបាញ់មុន» ហើយថៃបានធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌនៃសិទ្ធិស្វ័យការពារស្របច្បាប់ និងថា ថៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចាត់ទុកជំហររបស់កម្ពុជាថា ជាការប៉ុនប៉ង «បង្ហាញខ្លួនឯងថាជាជនរងគ្រោះ» នោះ ទាំងនេះគ្រាន់តែជាការអះអាង ជាឯកតោភាគី របស់ភាគីថៃតែប៉ុណ្ណោះ ហើយក៏មិនខុសប្លែកអ្វីពីការឃោសនាបំភ្លៃ ការពិត ប្រែក្លាយពីសទៅខ្មៅ ពីខ្មៅទៅស បំភ័ន្តមតិសាធារណៈសំដៅបិទបាំង សកម្មភាពឈ្លានពានរបស់ខ្លួន មកលើបូរណភាពទឹកដីកម្ពុជា ។ ភាគីម្ខាងមិនអាចដើរតួជាអ្នកអះអាង ហើយក្នុងពេលជាមួយគ្នានោះ ដើរតួជាអ្នកវិនិច្ឆ័យលើការអះអាង របស់ខ្លួនឯងនោះទេ ៕

To Top