ព័ត៌មានអន្តរជាតិ

លោកXi Jinping​ ជួបសន្ទនា ​ជា​មួយ​លោក​ Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

ព្រឹកថ្ងៃទី​៣១ ខែសីហា ​លោក Sadyr Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​ បាន​ជួបពិភាក្សា​ជា​មួយ​​លោកXi Jinping ​ប្រធានរដ្ឋ​ចិន​នៅក្រុងBishkek ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ។
លោក​Xi Jinpingបាន​លើកឡើងថា​ ​ក្រោម​ការណែនាំរួម​របស់យើង ​ទំនាក់ទំនងរវាង​ចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍ​បែប​លោតផ្លោះ ​​កិច្ចសហប្រតិបត្តិការ​បាន​រីកចម្រើន​ក្នុង​​គ្រប់​វិស័យ ដែល​រួមចំណែក​យ៉ាង​ប្រាកដប្រជា​ដល់​ការ​អភិវឌ្ឍ​ របស់​ប្រទេសទាំងពីរ ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ ព្រមទាំង​ជំរុញ​សន្តិភាព ស្ថិរភាព​និងវិបុលភាពក្នុងតំបន់។

លោក​Xi Jinping ​បាន​សង្កត់ធ្ងន់ថា ​ការទំនុកចិត្ត​ខាង​នយោបាយ​​កម្រិតខ្ពស់ ​និងការគាំទ្រគ្នាទៅវិញទៅមក​យ៉ាងរឹងមាំ ​គឺជាការធានា​ដ៏​សំខាន់​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយស្ថិរភាព​និងយូរអង្វែង​នៃ​ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាងចិន​ និងកៀហ្ស៊ីស៊ីស្ថាន​ នឹង​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​ផ្នែកច្បាប់ ​ដ៏​សំខាន់​សម្រាប់​មិត្តភាពគ្រប់​ជំនាន់​​និង​ការ​គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ​រវាង​ប្រទេសទាំងពីរ ។ ប្រទេសចិន​មានឆន្ទៈ​ប្រកៀកស្មា​គ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បី​បង្កើន​ការ​តភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​បទពិសោធក្នុង​វិស័យ​អភិបាលកិច្ច​មាន​ភាព​ស៊ីជម្រៅ ​ដើម្បី​កសាង​​សមិទ្ធផល​សហប្រតិបត្តិការជាក់ស្តែងកាន់តែ​ច្រើន​និង​ជំរុញ​ការ​កសាង​សហគមន៍ជោគ​​វាសនា​រួម​រវាង​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​មាន​ភាព​កាន់​តែស៊ីជម្រៅ​និង​ប្រាកដប្រជា។

ជា​ការ​ឆ្លើយតប​ ​លោក​ Sadyr Japarov​បាន​លើកឡើងថា​ ​ដំណើរទស្សនកិច្ច​របស់​លោកXi Jinping​បាន​បង្ហាញបន្ថែមទៀត​អំពី​មិត្តភាព​ដ៏ជ្រាលជ្រៅ​និង​ការទំនុកចិត្ត​ខាងនយោបាយ​​កម្រិតខ្ពស់​រវាង​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និង​ចិន ​ហើយ​គឺ​ជា​និមិត្តសញ្ញា​ដ៏សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី។​ការចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព ​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​ រវាង​កៀហ្ស៊ីស៊ីស្ថាន​ និង​ចិន​នឹងត្រួសត្រាយ​អនាគត​កាន់តែ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនងទ្វេភាគី ។

បន្ទាប់​ពី​កិច្ចជំនួប ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ​បានចុះហត្ថលេខា​លើ​«សេចក្តីប្រកាស​រួម​រវាង​សាធារណរដ្ឋប្រជាមានិតចិន​និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន​​ស្តីពី​ការ​អភិវឌ្ឍ​ទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី​នៃ​ការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​»និង«​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាង​សាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋ​កៀសហ្ស៊ីស៊ីស្ថាន»៕

To Top