ដំណើរការ បោះពុម្ពលទ្ធផល ប្រឡងបាក់ឌុប បានចាប់ដំណើរការហើយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដំណើរការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ដំណើរការហើយ ខណៈលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃស្អែកនេះ។

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការ នៃការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រោមការចូលរួម ពិនិត្យដោយអង្គភាពប្រឆាំង អំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាល នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅ លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕




