សម្តេចតេជោ ៖ លោក ច័ន្ទ សារុន ចូលរួមចំណែកយ៉ាងសំខាន់ ធានាសន្តិសុខស្បៀង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង និងការនាំចេញ នាពេលកន្លងមក ។

ក្នុងសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម សម្តេច តេជោមានប្រសាសន៍ថា មរណភាព របស់លោកជាការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រ ដ៏ឆ្នើមមួយរូបដែលតែងតែបានលះបង់ស្ទើរពេញមួយជីវិត របស់ឯកឧត្តមបណ្ឌិតសភាចារ្យ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយស្វាមីភ័ក្តិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។
សម្តេចតេជោបន្តថា ការចូលរួមអភិវឌ្ឍជាតិដ៏ថ្លៃថ្លារបស់បណ្ឌិតសភាចារ្យ កន្លងមក ជាពិសេសវិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ ជំរុញការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និងធនធានធម្មជាតិ ។
ប្រធានព្រឹទ្ធសភាបន្ថែមថា ការណ៍នេះ គឺជាអនុភាគយុទ្ធសាស្ត្រដ៏ចាំបាច់មួយ របស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះវិស័យកសិកម្ម មិនគ្រាន់តែជួយរក្សា លំនឹងជីវភាព របស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាព ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ គំរូវីរភាពរបស់បណ្ឌិតសភាចារ្យ នឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា បណ្ឌិតសភាចារ្យ ច័ន្ទ សារុនបានទទួលមរណភាពនៅព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២:២៩នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ។ បណ្ឌិត ច័ន្ទ សារុន បានកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ។ បន្ទាប់ពីបញ្ចប់អាណត្តិ ជារដ្ឋមន្ត្រីកសិកម្មក្នុងឆ្នាំ២០១៣ លោកត្រូវបានតែងតាំង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រហូតមកដល់បច្ចុប្បន្ន៕
