ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យតាមរកបុរសម្នាក់ បន្ទោបង់ដាក់ផ្លាកសញ្ញាចរាចរណ៍
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យអធិការខណ្ឌសែនសុខ ស្រាវជ្រាវរកបុរសម្នាក់ បន្ទាប់ពីបន្ទោបង់ដាក់ផ្លាកសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវហាន់ណូយ ដើម្បីអនុវត្តចាត់វិធានការតាមជំនាញ ចំពោះមុខរបស់សមត្ថកិច្ច ។
តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ថា នៅពេលថ្មីៗនេះ ករណីដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានបុរសម្នាក់បានបន្ទោរបង់(នោម)ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ នៅក្នុងខណ្ឌសែនសុខ ជាទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ

ចំពោះករណីនេះ នាព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ស្វែងរកបុរសនេះ ដើម្បីអនុវត្តចាត់វិធានការ តាមជំនាញចំពោះមុខរបស់សមត្ថកិច្ច។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានអំពាវឲ្យប្រជាពលរដ្ឋ មានការចូលរួមលើកកម្ពស់ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ សង្គម ឲ្យកាន់តែល្អប្រសើរ៕
