Feature

គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ កំណត់គោលដៅច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាមីន នៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានកំណត់គោលដៅ និងទិសដៅគោលនយោបាយយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកបណ្ឌិត លី ធុជ ទទួលជួបស្វាគមន៍ លោក Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា សកម្មភាពមីនមិនមែនជាការងារមនុស្សធម៌តែមួយមុខនោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍជាតិ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ចំពោះការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតឱ្យមាន មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ព្រមទាំងការបន្តគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់មជ្ឈមណ្ឌលនេះ។

កិច្ចពិភាក្សា ក៏បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

To Top