ព័ត៌មានអន្តរជាតិ

ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បំផ្ទុះគ្រាប់បែកក្នុងរថយន្ត ទូទាំងប្រទេសម៉ិកស៊ិក ដើម្បីសកសឹកជាមួយអាជ្ញាធរ ដែលចាប់សមាជិកម្នាក់របស់ខ្លួន

បរទេស៖ ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ថ្មីៗនេះ បានរីករាលដាលពាសពេញប្រទេសម៉ិកស៊ិក ចាប់ពីគ្រាប់បែកបំផ្ទុះរថយន្ត រហូតដល់យន្តហោះគ្មានមនុស្សបើក ដែលបំពាក់ដោយគ្រឿងផ្ទុះ ដែលបង្ហាញពីការកើនឡើងនៃអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀន ដែលអាជ្ញាធរមូលដ្ឋាននិយាយថាបានកើនឡើងក្នុងរយៈពេលបីឆ្នាំកន្លងមក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា លោក David Monreal អភិបាលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ហេតុការណ៍ចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃអាទិត្យ នៅពេលដែលគ្រាប់បែកបំផ្ទុះរថយន្ត បានឆាបឆេះពេញរដ្ឋ Zacatecas ភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់រងរបួស រួមទាំងមន្ត្រីប៉ូលីសពីរនាក់ ខណៈពេលដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារប្រហែល ៤០ ។

រថយន្តនេះត្រូវបានបោះបង់ចោលនៅខាងក្រៅទីស្នាក់ការកណ្តាលប៉ូលីសនៅ Ojocaliente ភាគកណ្តាល Zacatecas ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីជួរភ្លើង និងមនុស្ស រួមទាំងកុមារ កំពុងរត់គេចពីអណ្តាតភ្លើង។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវីដេអូនោះទេ។

របាយការណ៍ដំបូងបានបង្ហាញថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមួយ ដើម្បីសងសឹកចំពោះការចាប់ខ្លួនសមាជិកម្នាក់របស់ខ្លួនកាលពីថ្ងៃសៅរ៍ នេះបើយោងតាមលោក Monreal បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោក Monreal បាននិយាយថា ការផ្ទុះនៅថ្ងៃអាទិត្យនេះ បានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នាជិតដប់ ដែលខ្លះត្រូវបានអនុវត្តដោយប្រើ «យន្តហោះគ្មានមនុស្សបើកខ្នាតតូច» ដែលផ្ទុកដោយគ្រឿងផ្ទុះ ឬគ្រាប់មីន ហើយចង្អុលបង្ហាញពីការវិវត្តន៍នៃប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន។
ប្រែសម្រួលៈ ណៃ តុលា

To Top