នាយករដ្ឋមន្ត្រីនេប៉ាល់ ជំរុញឱ្យមានការដោះស្រាយ ការប្រែប្រួល អាកាសធាតុជាបន្ទាន់ បន្ទាប់ពីមហន្តរាយធម្មជាតិ នៅហិមាល័យធ្វើឱ្យមនុស្សស្លាប់ ជាង៩០០នាក់ និងបាត់ខ្លួនជិត ៤.៥០០នាក់
បរទេស៖ លោក Balendra Shah នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍ថា ទឹកជំនន់ដ៏សាហាវនៅហិម៉ាឡៃយ៉ាកាលពីសប្តាហ៍មុន គឺជាព្រឹត្តិការណ៍ «មិនមែនធម្មតា» ទេ ប៉ុន្តែបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈដែលលោកបានជំរុញឱ្យអន្តរជាតិចាត់វិធានការដោះស្រាយបន្ទាន់។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា រលកដ៏ធំនៃទឹកកក និងកម្ទេចកម្ទី ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកកនៅតាមព្រំដែនចិន-នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣៩ នាក់ និងបានធ្វើឲ្យមនុស្សជិត ៤.៥០០ នាក់បាត់ខ្លួន ដោយទីក្រុង Kathmandu បានព្រមានថា ការចំណាយលើការកសាងឡើងវិញអាចកើនឡើងដល់ «រាប់ពាន់លានដុល្លារ»។
លោកនាយករដ្ឋមន្ត្រី Balendra Shah បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃចន្ទ (ថ្ងៃទី ៣១ ខែសីហា) ថា «ទឹកជំនន់នៅក្នុងទន្លេ Bhote Koshi ក្នុង Rasuwa មិនមែនជាទឹកជំនន់ធម្មតានោះទេ»។
លោកបានមានប្រសាសន៍ថា «វាគឺជាគ្រោះមហន្តរាយដ៏ធំបំផុតមួយរបស់តំបន់ ដែលបង្កឡើងដោយការរអិលបាក់ព្រិល និងទឹកកកនៅតំបន់ហិម៉ាឡៃយ៉ា»។
ប្រែសម្រួលៈ ណៃ តុលា
