ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា​ ខ្លួនមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែត្តៀមខ្លួនឆ្លើយតបទៅនឹងអ្នកឈ្លានពាន

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែនឹងឆ្លើយតបដោយកម្លាំង និងភាពម៉ឺងម៉ាត់​ ចំពោះការឈ្លានពានណាមួយ។

លោកបានលេីកឡេីងថា “យើងមិនស្វែងរកសង្គ្រាមទេ ហើយនេះ​ គឺជាសារច្បាស់លាស់មួយ ដែលយើងបានបញ្ជូនទៅកាន់ពិភពលោក រហូតមកដល់ពេលនេះ​ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិន ដែលអង្គុយស្ងៀមនៅចំពោះមុខការឈ្លានពានឡើយ ហើយនឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ ចំពោះអ្នកឈ្លានពាន”។

លោកបានបន្ថែមថា អស្ថិរភាព និងភាពចលាចលនៅក្នុងតំបន់មិនមែនជាផលប្រយោជន៍របស់ប្រទេសណាមួយនោះទេ ហើយនឹងប្រឈមមុខនឹងមនុស្សគ្រប់គ្នា ដោយកត់សម្គាល់ថា ប្រទេសក្នុងតំបន់ត្រូវតែចូលរួម និងខិតខំប្រឹងប្រែង​ ដើម្បីធានាសន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់។

ការកត់សម្គាល់របស់លោកបានកើតឡើងនៅពេល​ ដែលអ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Tim Hawkins បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានវាយប្រហារលើប្រព័ន្ធបាញ់មីស៊ីលពីរគ្រាប់នៅលើកោះ ឡារ៉ាក់ ភាគខាងត្បូងរបស់អ៊ីរ៉ង់ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) «ត្រូវបានគេសង្កេតឃើញថា​ កំពុងរៀបចំបាញ់រ៉ុក្កែតដែលមានមីនសមុទ្រចូលទៅក្នុងច្រកសមុទ្រហ័រមូស»។

បន្ទាប់ពីការវាយប្រហារនេះ IRGC បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធា និងជនស៊ីវិលមួយចំនួនត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនេះ ហើយបានសន្យាថា​ ការវាយប្រហារនេះនឹងត្រូវបានឆ្លើយតបជាមួយនឹង «ការដាក់ទណ្ឌកម្ម​ ចំពោះអ្នកឈ្លានពាន»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top