ព័ត៌មានអន្តរជាតិ

​ អ៊ីស្រាអែល និងក្រិក​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារដែនអាកាស តម្លៃ ៣.៥ ពាន់លានដុល្លារ

យេរូសាឡឹម៖ អ៊ីស្រាអែល និងក្រិក​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃប្រហែល ៣ ពាន់លានអឺរ៉ូ (៣.៥ ពាន់លានដុល្លារអាមេរិក) ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអ៊ីស្រាអែល​ នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ដល់ទីក្រុងអាថែន នេះបើយោងតាមក្រសួងការពារជាតិអ៊ីស្រាអែលទ ។

គម្រោងនេះ ដែលត្រូវបានគេស្គាល់ថា “Achilles Shield” នឹងរួមបញ្ចូលប្រព័ន្ធប្រឆាំងមីស៊ីល David’s Sling និងប្រព័ន្ធ Spyder ដែលជាប្រព័ន្ធការពារដែនអាកាសចល័ត​ ដែលផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Rafael។

វាក៏នឹងរួមបញ្ចូលប្រព័ន្ធ Barak MX ដែលជាប្រព័ន្ធការពារដែនអាកាស​ សម្រាប់ការដាក់ពង្រាយលើដីគោក និងកងទ័ពជើងទឹកដែលផលិតដោយក្រុមហ៊ុន Israel Aerospace Industries រ៉ាដា និងប្រព័ន្ធបញ្ជា និងប្រព័ន្ធត្រួតពិនិត្យជាតិផងដែរ។

ក្រសួងបានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតរវាងអ៊ីស្រាអែល និងក្រិក និងជាកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតមួយរបស់អ៊ីស្រាអែល។

កិច្ចព្រមព្រៀងដាច់ដោយឡែកមួយដែលមានតម្លៃ ២៦ លានអឺរ៉ូ​ សម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក Drone Dome របស់ក្រុមហ៊ុន Rafael ក៏ត្រូវបានចុះហត្ថលេខាផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top