ក្រុមគណបក្ស គាំទ្រគំនិតផ្ដួចផ្ដើមសម្ដេចតេជោ ស្នើបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ គាំទ្រទាំងស្រុងចំពោះការដាក់ចេញគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យបង្កើតអ្នកសង្កេតការណ៍អន្តរសភាសម្រាប់បទឈប់បាញ់ ដែលជាយន្តការការទូតសភាអន្តរជាតិ ដើម្បីសន្តិភាព ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមគណបក្សនយោបាយមានអត្ថន័យស្រដៀងគ្នាថា គាំទ្រការផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការចូលរួមតាមដានដោះស្រាយ ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរសភាសម្រាប់បទឈប់បាញ់ ទប់ស្កាត់សង្គ្រាមរ៉ាំរៃ ដែលបង្កឡើងពីភាគីថៃមកលើកម្ពុជា ។
សេចក្តីថ្លែងការណ៍បន្តថា ក្រុមគណបក្សបានយកចិត្តទុកដាក់ខ្ពស់ និងមានមោទនភាពបំផុតចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសន្និសីទនៃអន្តរសភាលើកទី២ កាលពីថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៦ ដែលមានប្រធានសភា៣០ ប្រទេសបានចូលរួម និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង២០០នាក់ បានចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីលទ្ធផលសន្និសីទ និងរាយការណ៍ព័ត៌មានប្រាប់ទៅកាន់សាធារណៈជនអន្តរជាតិជាបន្តបន្ទាប់ ។
ក្រុមគណបក្សគាំទ្រទាំងស្រុងការដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតអ្នកសង្កេតការណ៍អន្តរសភា សម្រាប់បទឈប់បាញ់ ដែលជាយន្តការ ការទូតសភាអន្តរជាតិដើម្បីសន្តិភាពនិងចូលរួមតាមដាន ដើម្បីដោះស្រាយទប់ស្កាត់មហិច្ឆតាបង្កសង្គ្រាមឈ្លានពានរ៉ាំរៃ ដែលបង្កឡើងដោយរដ្ឋភាគីថៃ បានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ យន្តការការទូតអន្តរសភា និងការបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរសភា បានបង្ហាញអំពីតម្លៃសន្តិភាពរបស់កម្ពុជានៅលើតុអន្តរជាតិដោយប្រាប់ពិភពលោកថា កម្ពុជាមិនទទួលយកការដោះស្រាយជម្លោះ ដោយកម្លាំងយោធាឈ្លានពានឡើយ គឺត្រូវតែសម្រេចតាមច្បាប់ ដោយកិច្ចព្រមព្រៀង និងយន្តការសន្តិវិធី ដែលនេះជាភាសាអាចស្តាប់បានយ៉ាងទូលំទូលាយ នៅក្នុងវេទិកាអន្តរជាតិ ។
ក្រុមគណបក្សសង្ឃឹមថា ប្រធានសភានៃបណ្តាប្រទេសចូលរួមទាំង៣០ប្រទេស គឺពិតជាសម្រេចបាននូវការបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរសភាដោយជោគជ័យ ៕
