Feature

ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូក សរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចាប់ពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១ កញ្ញា បានឱ្យដឹងថា ការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានគោលបំណង ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តការងារនិងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ជាមួយនឹងការកំណត់ទិសដៅ វិធានការ និងអនុសាសន៍គន្លឹះៗសំដៅគាំទ្រ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឱ្យបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អប្រសើរ ចំពោះ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា សន្និបាតនេះមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ៕

To Top