Feature

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍ជាង ១ពាន់កន្លែងលើជំនាញចំនួន ១៥ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយទទួលបានប្រាក់ឧបត្ថម្ភ

បន្ទាយមានជ័យ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ (PIBMC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ឱកាសអាហារូបករណ៍ សរុប ១,៣៥០កន្លែងលើមុខជំនាញចំនួន ១៥មុខវិជ្ជា ជាមួយនិងប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

តាមការផ្សាយរបស់វិទ្យាស្ថានបានឱ្យដឹងថាជំនាញទាំង១៥រួមមាន៖ ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំនិងជួសជុលទោចក្រយានយន្ត, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការផ្សារលោហៈដោយធូបអគ្គិសនី, សេវាកម្មកាត់សក់បុរស, ការផលិតនំ, សេវាកម្មកុំព្យូទ័រ,  ការងារការ៉ូ, និងការងារកំបោរ។

​គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ៥,៤៦៧នាក់ ដែលទទួលបានអាហារូបករណ៍លើ ១៥មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៩៤៨នាក់។

​វគ្គសិក្សាថ្មីនឹងចាប់ផ្តើម ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដើម្បីទទួលបានអាហារូបករណ៍ សិក្ខាកាមអាចទាក់ទងសាកសួរ ព័ត៌មានបន្ថែម តាមរយៈទូរសព្ទលេខ ០៩៥ ៩៣៤ ៤៤៧/ ០១៧ ៧៥០ ៥០៥/ ០៧០ ៣៩៦ ៩៧៦ ឬអញ្ជើញមកទីតាំង របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ៕

To Top