Feature

លោក រ៉ាត់ ដារ៉ារ័ត្ន ប្រាប់អនុព័ន្ធយោធាបរទេសថា ទោះមានបទឈប់បាញ់ តែព្រំដែននៅតែជួបបញ្ហាប្រឈមដដែល

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង ការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ប្រាប់ក្រុមអនុព័ន្ធយោធាបរទេស ចំនួន២២រូប មកពី១៨ប្រទេសថា ទោះបីជាមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនក៏ដោយ ប៉ុន្តែនៅតែមានបញ្ហាប្រឈមនឹង ផលប៉ះពាល់អវិជ្ជមួយចំនួនកើតឡើងដដែល ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការធ្វើបទបង្ហាញ របស់ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដល់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើទោះបីជាភាគីកម្ពុជា-ថៃបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្ត ដើម្បីដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ ជាក់ស្តែងនៅតាមបណ្តោយព្រំដែន នៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន ដូចជា ៖ ការចល័តកងទ័ព , ការរាយបន្លាលួស , ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននិងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជា ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

លោកបញ្ជាក់ថា បញ្ហាទាំងនេះ នៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ បើតាមរដ្ឋលេខាធិការ កិច្ចប្រជុំនេះ ក៏បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាម បណ្តោយព្រំដែន ព្រមទាំងជំរុញការសន្ទនា ការទំនាក់ទំនង់ និងការសម្របសម្រួលប្រកបដោយស្ថាបនា តាមរយៈយន្តការដែលមានស្រាប់ និងបណ្តាញទំនាក់ទំនងសមស្រប។

រដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតរបស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង ខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍ ប្រសើរឡើងវិញក្នុងពេលឆាប់ៗ និងការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង៕

To Top