កម្ពុជា ប្តេជ្ញាចិត្តជាមួយសហគមន៍ អន្តរជាតិ តាមរយៈដាក់ផែនការជាតិរួមចំណែក ការឆ្លើយតបការ ប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣
ទីម័រឡេស្តេ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះ បង្ហាញពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្ត ជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិ រួមចំណែកការឆ្លើយតបការប្រែប្រួល អាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ % ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ។

លោក បានជំរុញឱ្យសហគមន៍អន្តរជាតិត្រូវរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ លោក បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍ត្រូវបង្កើន នូវកញ្ចប់ថវិកាច្បាស់វាស់ និងងាយស្រួលទទួលបាន សម្រាប់ការដោះស្រាយនិងឆ្លើយតបការប្រែប្រួល អាកាសធាតុតាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)។

សូមបញ្ជាក់ថា កិច្ចប្រជុំបាន អនុម័តលើ សេចក្តីប្រកាសរួមទីក្រុងឌីលីឆ្នាំ ២០២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្ហាញ ពីជំហររួម របស់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) ឆ្ពោះទៅកាន់ COP31 ដោយអំពាវនាវឱ្យបង្កើនសកម្មភាព អាកាសធាតុដើម្បីរក្សា គោលដៅ សីតុណ្ហភាព 1.5°C បង្កើនហិរញ្ញប្បទានអាកាសធាតុ ជំរុញការបន្ស៊ាំ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NDCs និង ផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ៕


