រដ្ឋមន្ត្រី ត្រី-វិស័យ ជួបគ្នាលើកទី៧ ដើម្បីពិភាក្សា លើគោលបំណងចម្បង២
ភ្នំពេញ៖ រដ្ឋមន្រ្តីនិងក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ។

អង្គប្រជុំប្តូរវេនលើកទី៧នេះ ប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំត្រី-វិស័យ ថ្នាក់រដ្ឋមន្ដ្រីលើកទី៧នេះ មានគោលបំណងចម្បងចំនួន ២ គឺ៖
ទី១. ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបាន ចុងក្រោយនៅតាមបណ្ដាសហគមន៍ ជាពិសេសនៅតាមបណ្តាសហគមន៍ទាំង១០ ដែលបានជ្រើសរើសសម្រាប់ កិច្ចអន្តរាគមន៍រួមគ្នា។

ទី២. ពិនិត្យ ពិភាក្សា និងសម្រេចជាគោលការណ៍ លើសមាសភាពសហគមន៍ដែលត្រូវជ្រើសរើសបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅក្នុងឆ្នាំ២០២៦-២០២៧ និង២០២៨ ។
គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យ នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារយន្តការត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្នុងគោលដៅធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ សម្រាប់ការលើកកម្ពស់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕





