ចិន បញ្ជាក់ថា ការចរចាពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប មិនអាចត្រូវបានជំរុញដោយការ ទាមទារឯកតោភាគីបាននោះទេ
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងថា ការចរចាពាណិជ្ជកម្ម រវាងប្រទេសចិន និងសហភាពអឺរ៉ុប មិនអាចត្រូវបានជំរុញ ដោយការទាមទារឯកតោភាគីបាននោះទេ ហើយគួរតែដោះស្រាយកង្វល់របស់ភាគីទាំងពីរដោយស្មើភាពគ្នា។
អ្នកនាំពាក្យក្រសួងពាណិជ្ជចិន លោកស្រី Huang Ling បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការព្រមានរបស់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Maros Sefcovic អំពីឧបករណ៍ការពារពាណិជ្ជកម្មដែលអាចកើតមាន ប្រសិនបើការចរចាជាមួយប្រទេសចិន បរាជ័យក្នុងការផ្តល់លទ្ធផល។
លោកស្រីបានលេីកឡេីងថា ប្រទេសចិនបានកត់សម្គាល់ពីការកត់សម្គាល់ថ្មីៗរបស់លោក Sefcovic ដោយសង្កត់ធ្ងន់ថា មេដឹកនាំចិន និងសហភាពអឺរ៉ុប បានឈានដល់ការឯកភាពគ្នាដ៏សំខាន់មួយថា ភាគីទាំងពីរគួរតែដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
លោកស្រីបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន នៅតែប្តេជ្ញាអនុវត្តការឯកភាពគ្នាដោយពង្រឹងការសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងខិតខំគ្រប់គ្រងការកកិត និងភាពខុសគ្នា។
លោកស្រីបានកត់សម្គាល់ថា ចាប់តាំងពីកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគចិន-សហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមិថុនា ក្រសួងពាណិជ្ជកម្មចិន និងភាគីអឺរ៉ុប បានរក្សាការទំនាក់ទំនង យ៉ាងជិតស្និទ្ធនៅកម្រិតផ្សេងៗគ្នា និងបានស្វែងយល់ពីដំណោះស្រាយ ដែលអាចធ្វើទៅបាន ចំពោះកង្វល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរៀងៗខ្លួន៕
