ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង ជំរុញឲ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយពន្ធលើឧបករណ៍ ដែលក្រុមហ៊ុនកូរ៉េ នឹងត្រូវនាំចូលសម្រាប់រោងចក្រ ដែកថែបក្នុងតម្លៃ ៥,៨ ពាន់លានដុល្លារ

បរទេស៖ រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានជំរុញសហរដ្ឋអាមេរិក ឱ្យបន្ធូរបន្ថយពន្ធលើ ឧបករណ៍ដែលក្រុមហ៊ុនកូរ៉េ នឹងត្រូវនាំចូលសម្រាប់រោងចក្រ ដែកថែបតម្លៃ ៥,៨ ពាន់លានដុល្លារនៅរដ្ឋ Louisiana ដែលពួកគេកំពុងវិនិយោគ។

យោងតាមសារព័ត៌មាន The Korea Times ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីឧស្សាហកម្ម Kim Jung-kwan បានធ្វើការស្នើសុំនេះនៅក្នុងកិច្ចប្រជុំជាមួយអភិបាលរដ្ឋ Louisiana លោក Jeff Landry មុនពេលចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រដែកថែប Hyundai-POSCO Louisiana Steel LLC (HPLS) ដែលជារោងចក្រដែកថែបរួមបញ្ចូលគ្នាដែលមានមូលដ្ឋានលើឡចំហាយអគ្គិសនី ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទីបួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន។

HPLS គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor Group គឺក្រុមហ៊ុន Hyundai Motor Co. និងក្រុមហ៊ុន Kia Corp. និងក្រុមហ៊ុនផលិតដែកថែប POSCO។

ក្រុមហ៊ុនផលិតដែកថែបបរទេស នៅសហរដ្ឋអាមេរិក ប្រឈមមុខនឹងពន្ធក្រោមមាត្រា 232 នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដែលអនុញ្ញាត ឱ្យប្រធានាធិបតីអាមេរិក កែសម្រួលការនាំចូលដែលត្រូវបានចាត់ទុកថា គំរាមកំហែងដល់សន្តិសុខជាតិ ក៏ដូចជាវិធានការដោះស្រាយពាណិជ្ជកម្មផ្សេងទៀត។

លោក Kim Jung-kwan បានជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ចំពោះការលំបាក ដែលក្រុមហ៊ុនកូរ៉េ កំពុងប្រឈមមុខក្នុងការវិនិយោគ នៅសហរដ្ឋអាមេរិក និងគាំទ្រគម្រោងនេះ ដោយបន្ធូរបន្ថយពន្ធលើឧបករណ៍ និងសម្ភារៈដែលត្រូវដឹកជញ្ជូនពីប្រទេសកូរ៉េ។
ប្រែសម្រួលៈ ណៃ តុលា

To Top