រដ្ឋមន្ដ្រីមហាផ្ទៃ ៖ រដ្ឋបាលឃុំ-សង្កាត់ បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងអាណត្តិទី៥ ក្រុមប្រឹក្សាឃុំ-សង្កាត់ បំពេញតួនាទីកាន់តែទូលំទូលាយ ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់ បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង ។

ពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងពីសមិទ្ធផលដ៏ត្រចះត្រចង់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចាប់តាំងពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកដំបូងនៅឆ្នាំ២០០២ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានបន្តចាក់ឫសកាន់តែរឹងមាំក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងភាពជាតំណាង ការចូលរួម តម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់នៅមូលដ្ឋាន ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា« ក្នុងអាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានបំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល។ ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង រួមមាន៖ ការសាងសង់ និងកែលម្អផ្លូវបេតុងជាង ៤.៥២០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមជាង ១១.៤៣៤គីឡូម៉ែត្រ ព្រមទាំងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ»។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថែមថា សមិទ្ធផលទាំងនេះ បានរួមចំណែកតភ្ជាប់មូលដ្ឋានទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងតំបន់សេដ្ឋកិច្ច កាត់បន្ថយចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
