ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ​ គំរាមវាយប្រហារទ្រង់ទ្រាយធំ​ ប្រឆាំងនឹងអ៊ីរ៉ង់

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានគំរាមអ៊ីរ៉ង់​ ជាមួយនឹងការឆ្លើយតបដ៏សាហាវ ប្រសិនបើប្រទេសនេះ​ វាយប្រហារអ៊ីស្រាអែល ហើយបានលេីកឡេីងថា រដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការផ្តួលរំលំថ្នាក់ដឹកនាំរបស់ទីក្រុងតេអេរ៉ង់។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយមុនឆ្នាំថ្មីរបស់ជនជាតិយូដាថា “ប្រសិនបើអ៊ីរ៉ង់​ ធ្វើខុស ហើយវាយប្រហារយើង ប្រទេសនេះ​ នឹងទទួលរងការវាយប្រហារដែលវាមិនអាចស្រមៃបាន”។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានលេីកឡេីងថា “រដ្ឋាភិបាលអ៊ីរ៉ង់​ កំពុងខ្សោយ និងកំពុងតស៊ូ​ ដើម្បីជីវិតរបស់ខ្លួន​ ដោយបន្ថែមថា យើងប្តេជ្ញាចិត្តក្នុងការបញ្ចប់បេសកកម្មផ្តួលរំលំរបបនេះ”។

ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលមានការកើនឡើងជាថ្មី ខណៈដែលកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារថ្មីលើគោលដៅអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារ របស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់បានព្រមានថា ការវាយប្រហារយោធាបន្ថែមទៀត នឹងទាញការឆ្លើយតបកាន់តែខ្លាំង។

នៅថ្ងៃទី២៨​ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត។ អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ នៅក្នុងតំបន់ ហើយបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top