រដ្ឋាភិបាលអ៊ីរ៉ង់ នឹងតម្លើងថ្លៃប្រេងឥន្ធនៈ សម្រាប់អ្នកប្រើប្រាស់ច្រើនលើសពី ១១០លីត្រ មួយខែ
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នឹងតម្លើងថ្លៃសាំងសម្រាប់អ្នកប្រើប្រាស់លើសពី ១១០ លីត្រក្នុងមួយខែ ដោយចាប់ផ្តើមពីថ្ងៃអង្គារ ខណៈដែលអ៊ីរ៉ង់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដែលបង្កើតឡើងដោយសង្គ្រាម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃនៃកូតាទីមួយ និងទីពីរ ដែលរួមមាន ១១០ លីត្រ នឹងនៅតែមិនផ្លាស់ប្តូរ ប៉ុន្តែតម្លៃនៃកូតាទីបីនឹងត្រូវដំឡើងដល់ ១០០.០០០ រៀលអ៊ីរ៉ង់ (រូបិយបណ្ណអ៊ីរ៉ង់) ក្នុងមួយលីត្រ (ប្រហែល ៤ សេនអាមេរិក ដោយផ្អែកលើអត្រាទីផ្សារសេរី) នេះបើតាមការលើកឡើងរបស់លោកស្រី Fatemeh Mohajerani លើកឡើងនៅក្នុងមតិយោបល់ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ការកើនឡើងនៃតម្លៃសាំងរបស់អ៊ីរ៉ង់ ជាប្រទេសដែលសាំងមានតម្លៃទាបបំផុតមួយក្នុងពិភពលោក ត្រូវបានពិភាក្សាដោយរដ្ឋាភិបាល ហើយត្រូវបានពន្យារពេល ដោយសារតែមានការព្រួយបារម្ភថាវាអាចបង្កឱ្យមានការតវ៉ាថ្មី។ ប្រទេសអ៊ីរ៉ង់បានជួបប្រទះនឹងការតវ៉ាយ៉ាងទូលំទូលាយនៅក្នុងឆ្នាំ ២០១៩ លើបញ្ហាដូចគ្នា។
លោកស្រី Mohajerani បានមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈខ្ពស់ជាងនេះនឹងប៉ះពាល់តែអ្នកប្រើប្រាស់ដែលត្រូវការលើសពី ១១០ លីត្រក្នុងមួយខែ ហើយវាគឺដោយសារតែ «ស្ថានភាពបច្ចុប្បន្ន»។
លោកស្រីបានបន្ថែមថា អ្នកបើកបរផ្សេងទៀតនៅតែអាចទិញរហូតដល់ ៦០ លីត្រក្នុងតម្លៃ ១៥.០០០ រៀលក្នុងមួយលីត្រ និងបន្ថែម ៥០ លីត្រក្នុងតម្លៃ ៣០.០០០ រៀលក្នុងមួយលីត្រ។
ប្រែសម្រួលៈ ណៃ តុលា
