ក្រសួងការងារ សម្របសម្រួលបញ្ចប់ ករណីរោងចក្រលានហ្វា និងប៉ូលស្តា កម្មករចូលធ្វើការវិញ នៅថ្ងៃទី៩ ខែកញ្ញា
ពោធិ៍សាត់ ៖ ក្រោមការសម្របសម្រួលយ៉ាងសកម្ម និងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ករណីវិវាទការងារ នៅរោងចក្រលានហ្វា និងប៉ូលស្តា ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ជាលទ្ធផល ប្រធានរដ្ឋបាល ដែលបានប្រើពាក្យសម្ដីមិនសមរម្យ ចំពោះកម្មករបានដាក់ពាក្យលាលែង ខណៈកម្មករ-កម្មការិនី បានឯកភាពចូលធ្វើការវិញ ជាធម្មតា ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ក្រសួងបានចាត់ក្រុមការងារ ចុះអន្តរាគមន៍ និងសម្របសម្រួលភ្លាមៗ រហូតភាគីពាក់ព័ន្ធឯកភាពទទួលយកដំណោះស្រាយ ។ ក្រសួងសូមអរគុណកម្មករ-កម្មការិនី និយោជក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីការពារសិទ្ធិស្របច្បាប់ និងរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

