អគ្គិសនីកម្ពុជា សូមធ្វើការបំភ្លឺ ជូនសាធារណជន អំពីករណីក្រុមហ៊ុនម៉ៅការ សាងសង់ធ្វើឱ្យប៉ះពាល់ដំណាំដំឡូង នៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូន សាធារណជន និង អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ឱ្យ បានជ្រាបថា ពាក់ព័ន្ធនឹងវីដេអូ ដែលបានបង្ហោះដោយ គណនី Facebook ឈ្មោះ សោម សំអាង អំពីករណីក្រុមហ៊ុនម៉ៅការ សាងសង់ប៉ះពាល់ដំណាំដំឡូង នៅភូមិតាឌុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នោះបានដោះស្រាយរួចរាល់ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ករណីនេះ អគ្គិសនីកម្ពុជា សូមធ្វើការបកស្រាយជូនដូចខាងក្រោម ៖
កន្លងមក ក្រុមហ៊ុនម៉ៅការសាងសង់ និងម្ចាស់ដីបានចរចាកិច្ចព្រមព្រៀងតម្លៃ លើសំណងផលប៉ះពាល់រួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនម៉ៅការ សាងសង់មិនទាន់ បានទូទាត់ ហើយចូលធ្វើការតែម្តង ដែលខុសនីតិវិធីរបស់អគ្គិសនីកម្ពុជា ហើយ ក្រុមហ៊ុនម៉ៅការសាងសង់ ក៏បានទទួលស្គាល់ កំហុសរបស់ខ្លួន ។ ករណីនេះ ម្ចាស់ដីពុំបានទាក់ទងមកមន្ត្រី សម្របសម្រួល របស់អគ្គិសនីកម្ពុជា ឬអាជ្ញាធរមូលដ្ឋាន ដែលធ្លាប់បានទំនាក់ទំនងគ្នា កន្លងមកនោះទេ ហើយបែរជាជ្រើសរើសយក ការបង្ហោះតាមបណ្តាញសង្គមជំនួសវិញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ អគ្គិសនីកម្ពុជាបានចុះពិនិត្យ និងដោះស្រាយ បញ្ហាជាក់ស្តែងរវាងម្ចាស់ដី និងក្រុមហ៊ុនម៉ៅការសាងសង់នេះ ជាលទ្ធផលភាគីទាំងពីរបានយល់ព្រមទូទាត់ និងទទួលយក សំណងដែលធ្លាប់បានឯកភាពគ្នាពីមុន ។ ឆ្លើយតបនឹងការដោះស្រាយនេះ ម្ចាស់គណនី Facebook ឈ្មោះ សោម សំអាង បានបង្ហោះសុំទោស និងថ្លែងអំណរគុណចំពោះអគ្គិសនីកម្ពុជា ដែលបានជួយសម្របសម្រួល និងដោះស្រាយបញ្ហានេះ បានឆាប់រហ័ស។ អគ្គិសនីកម្ពុជា នឹងធ្វើការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ទាំងអស់ ជៀសវាងបង្កបញ្ហាបែបនេះកើត ឡើងទៀត ។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី ក្នុងជំហាន ដំបូងសូមទាក់ទងមកអគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គងក្នុងតំបន់ ឬអាជ្ញាធរមូលដ្ឋាន ប្រសើរជាងការបង្ហោះ តាមបណ្តាញ សង្គមដែលធ្វើឱ្យមានការភាន់ច្រឡំ និងចែករំលែកបន្ត ដែលអាចធ្វើឱ្យបែកបាក់សាមគ្គីភាព ក្នុងសង្គម ជាពិសេសខណៈ ពេលបច្ចុប្បន្ននេះប្រទេសយើងកំពុងរងការឈ្លានពាន ដែលយើងចាំបាច់ត្រូវរួបរួម សាមគ្គីជាតិ៕



