ឥណ្ឌា ត្រៀមបំពាក់មីស៊ីល បាញ់ពីអាកាសលឿនជាងសម្លេង ទៅលើយន្តហោះចម្បាំង Su-30MKI
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើផែនការដើម្បីបំពាក់យន្តហោះចម្បាំង Sukhoi-30MKI របស់កងទ័ពអាកាសឥណ្ឌា ជាមួយនឹងមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់របស់រុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ក្រសួងការពារជាតិឥណ្ឌា ត្រូវបានគេរំពឹងថា នឹងពិចារណាលើសំណើរ ដើម្បីកែប្រែកងកម្លាំងយន្តហោះចម្បាំង Su-30MKI ដើម្បីអាចផ្ទុកមីស៊ីលបាញ៉ពីអាកាសទៅអាកាស RVV BD របស់រុស្សី ដែលអាចហោះក្នុងល្បឿនលឿនជាងសំលេង និងបាញ់ចេញពីគោលដៅចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ។
RVV BD គឺជាកំណែនាំចេញនៃមីស៊ីល R-37M ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតមួយរបស់ពិភពលោក។ វាត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះដឹកប្រេង និងយន្តហោះព្រមានជាមុន ដែលឆ្លងកាត់ខ្សែប្រយុទ្ធសត្រូវពីចម្ងាយឆ្ងាយ។ របាយការណ៍បាននិយាយថា កិច្ចប្រជុំក្រុមប្រឹក្សាការទិញយកការពារជាតិនៅថ្ងៃចន្ទ ត្រូវបានគេរំពឹងថានឹង
ទទួលយកសំណើរនេះ ។
ក្នុងនោះផងដែរមីស៊ីល RVV BD អាចប្រើបានជាមួយយន្តហោះចម្បាំង Su-57 ជំនាន់ទី៥កម្រិតខ្ពស់របស់រុស្ស៊ី ដែលបានផ្តល់ទៅឱ្យប្រទេសឥណ្ឌារួចហើយ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី នៅចុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលលើកទី១៨ នៃបណ្តាប្រទេស BRICS ។
ការពិភាក្សាស្តីពីការលក់ Su-57 ដែលអាចកើតមានគឺនៅលើរបៀបវារៈរបស់គណៈកម្មការអន្តររដ្ឋាភិបាលឥណ្ឌា-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងវប្បធម៌ ដែលបានធ្វើឡើងកាលពីខែមុននៅទីក្រុងមូស្គូ៕
ប្រែសម្រួល៖ស៊ុនលី
