អឺរ៉ុប មិនគួរផ្តល់ដោយមិនទទួលបានអ្វីមកវិញ នៅក្នុងកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែននោះទេ
វីនីញូស៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប បានឧ្យដឹងថា អឺរ៉ុបមិនគួរផ្តល់ដោយមិនទទួលបានអ្វីមកវិញ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគតរវាងរុស្ស៊ី និង អ៊ុយក្រែននោះទេ ដោយសង្កត់ធ្ងន់ថា ការដោះស្រាយសន្តិភាព ណាមួយក៏នឹងពាក់ព័ន្ធនឹងការ ប្តេជ្ញាចិត្តពីអឺរ៉ុបផងដែរ។
លោកស្រី Kallas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី បន្ទាប់ពីអ្នកចរចាអាមេរិកលោក Steve Witkoff និងលោកJared Kushner បានទៅទស្សនាទីក្រុងមូស្គូ និងទីក្រុងគៀវ កាលពីចុងសប្តាហ៍ ក្នុងផ្លូវការទូតឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីលីទុយអានី Mindaugas Sinkevicius លោកស្រី Kallas ត្រូវបានសួរថាតើការចរចាចុងសប្តាហ៍នេះបាននាំមកនូវសន្តិភាពកាន់តែខិតជិតមកដល់ដែរឬទេ ហើយតើកិច្ចប្រជុំកំពូលត្រីភាគី ដែលអាចធ្វើទៅបានដោយគ្មានអាសនៈអឺរ៉ុប នឹងមានន័យយ៉ាងណា ចំពោះសមត្ថភាពរបស់អឺរ៉ុបក្នុងការកំណត់លទ្ធផល។ លោកស្រីបានលេីកឡេីងថា រុស្ស៊ី និងអ៊ុយក្រែននៅទីបំផុតត្រូវការនិយាយគ្នាដោយផ្ទាល់។
លោកស្រីបានគូសបញ្ជាក់ថា «នៅខាងអឺរ៉ុប វាច្បាស់ណាស់ថា យើងមិនអាចធ្វើជាអ្នកសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនបាននោះទេ។ ពួកគេត្រូវបន្ដជជែកគ្នា យើងតែងតែនៅខាងអ៊ុយក្រែន ដូច្នេះយើងមិនអព្យាក្រឹតក្នុងស្ថានភាពនេះទេ»។
លោកស្រីបានបន្ដថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅទីបំផុតក៏នឹងពាក់ព័ន្ធនឹង «ការស្នើសុំជាច្រើនពីអឺរ៉ុប» ដោយបន្ថែមថា ទាំងនេះមិនមែនជារឿង ដែលអឺរ៉ុបគួរផ្តល់ឱ្យ «ដោយមិនទទួលបានអ្វីមកវិញ» នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
