ហ្វាំងឡង់ បញ្ចប់ការសាងសង់ របងព្រំដែនប្រវែង ២០០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនរុស្ស៊ី
ហេលស៊ីនគី៖ ប្រទេសហ្វាំងឡង់ បានប្រារព្ធពិធីបញ្ចប់ការសាងសង់ របងរបាំងប្រវែង ២០០ គីឡូម៉ែត្រតាមបណ្តោយផ្នែកខ្លះ នៃព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Mari Rantanen បានឧ្យដឹងថា ផ្នែកបន្ថែមទៀត អាចត្រូវបានសាងសង់ នាពេលអនាគតប្រសិនបើចាំបាច់ ។
របងនេះមានផ្នែកដាច់ដោយឡែករាប់សិបតាមបណ្តោយព្រំដែនជាង ១៣០០គីឡូម៉ែត្ររបស់ប្រទេសហ្វាំងឡង់ ជាមួយប្រទេសរុស្ស៊ី ដោយរបងភាគច្រើនប្រមូលផ្តុំនៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ និងផ្នែកតូចៗនៅភាគខាងជើងឆ្ងាយ។
ផ្នែកទាំងនេះត្រូវបានសាងសង់នៅក្នុងតំបន់ដែលតម្រូវការប្រតិបត្តិការត្រូវបានវាយតម្លៃថាធំបំផុត ហើយការសាងសង់ត្រូវបានចាត់ទុកថា មានប្រសិទ្ធភាពចំណាយ នេះបើយោងតាមឆ្មាំព្រំដែនហ្វាំងឡង់។
គម្រោងនេះរួមមានរបងកម្ពស់ ៤.៥ម៉ែត្រ ប្រព័ន្ធឃ្លាំមើលបច្ចេកទេស បណ្តាញផ្លូវ និងតំបន់ដែលមានទទឹង ២៥ម៉ែត្រ។ ឆ្មាំព្រំដែនបានឧ្យដឹងថា តម្លៃប៉ាន់ស្មានរបស់វាគឺ ៣៥៦លានអឺរ៉ូ ស្មេីនឹង ៤១៣លានដុល្លារអាមេរិក។
ក្រុមសភាហ្វាំងឡង់ បានព្រមព្រៀងគ្នាក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីគាំទ្រការសាងសង់របងរបាំងតាមបណ្តោយផ្នែកខ្លះនៃព្រំដែនភាគខាងកើត។ ផ្នែកសាកល្បងត្រូវបានសាងសង់ក្នុងឆ្នាំ២០២៣ ខណៈដែលការសាងសង់សំខាន់បានធ្វើឡើងពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦៕
