លោក ឃួន ផុនរតនៈ ៖ កម្ពុជាត្រូវការជំនាញ ឯកទេសផ្នែកផលិតផលពាក់កណ្តាល សម្រេចសឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិតរូបវន្ត
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា មុខជំនាញឯកទេសផ្នែកផលិតផល ពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ (Semi-conductor) បញ្ញាសិប្បនិម្មិតរូបវន្ត (Physical AI) និងកសិកម្មជាមុខវិជ្ជាដែលកម្ពុជា ត្រូវការដើម្បីអភិវឌ្ឍន៍ជាតិ ។

ការលើកឡើងបែបនេះ របស់លោកឃួន ផុនរតនៈ ក្នុងជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកបណ្ឌិត O-Bong Yang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University) នៅសាកលវិទ្យាល័យជាតិឆុនប៊ុក ក្នុងខេត្តឆុនប៊ុក សាធារណរដ្ឋកូរ៉េ ។

សាកលវិទ្យាល័យជាតិឆុនប៊ុក ជាសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់ទី៣ ក្នុងចំណោមសាកលវិទ្យាល័យជាតិរបស់កូរ៉េ មានជំនាញឯកទេសផ្នែកផលិតផលពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ បញ្ញាសិប្បនិម្មិតរូបវន្ត និងកសិកម្មនិងកសិកម្ម ហើយក៏ជាសាកលវិទ្យាល័យ មាននិស្សិតកម្ពុជាបន្តការសិក្សាច្រើនជាងគេ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកបណ្ឌិត Yang បានប្រាប់ឯកអគ្គរាជទូតថា សាកលវិទ្យាល័យ មានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា និងបានបង្ហាញពីបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយសាកលវិទ្យាល័យដទៃទៀតនៅកម្ពុជា។ លោកបញ្ជាក់ថា លោកចង់ឃើញនិស្សិតកម្ពុជា កាន់តែច្រើនអាចបន្តការសិក្សារបស់ខ្លួន ក្នុងសាកលវិទ្យាល័យជាតិឆុនប៊ុក ពិសេសលើមុខវិជ្ជាផ្នែកផលិតផល ពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិតរូបវន្ត ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតថ្លែងអំណរគុណ សាកលវិទ្យាល័យ ផ្តល់ឱកាសសិក្សាសម្រាប់ និស្សិតកម្ពុជាទាំងអាហារូបករណ៍ និងបង់ថ្លៃ ។ លោកថា មុខវិជ្ជាផ្នែកផលិត ផលពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិតរូបវន្ត ជាមុខវិជ្ជាដែលកម្ពុជាត្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ លោកសង្ឃឹមថា និស្សិតកម្ពុជាកាន់តែច្រើនអាចមកសិក្សាលើមុខវិជ្ជាទាំងនេះ នៅសាកលវិទ្យាល័យជាតិឆុនប៊ុកផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអញ្ជើញលោកបណ្ឌិតសាកលវិទ្យាធិការ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ហើយស្ថានទូតរីករាយនឹងជួយសម្របសម្រួលជំនួបរវាងសាកលវិទ្យាល័យនិងក្រសួង-ស្ថាប័នកម្ពុជា ក្នុងឱកាសទស្សនកិច្ចរបស់លោកបណ្ឌិតនៅកម្ពុជា។

លោកលើកឡើងថា សាកលវិទ្យាជាតិឆុនប៊ុក ជាសាកលវិទ្យាល័យដែលមានជំនាញ លើផ្នែកផលិតផលពាក់កណ្តាល សម្រេចសឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិតរូបវន្ត ហើយក៏ជាមុខវិជ្ជាដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍប្រទេសផងដែរ ។ ដូច្នេះសង្ឃឹមថា និស្សិតនឹងជ្រើសរើសយកមុខវិជ្ជាទាំងពីរ សម្រាប់ថ្នាក់សិក្សាជំនាញរបស់ខ្លួន។
លោកក៏បានលើកទឹកចិត្តនិស្សិតកម្ពុជា ឱ្យខិតខំរៀនសូត្រទាំងភាសាកូរ៉េ ជំនាញឯកទេស និងឆ្លៀតពេលធ្វើកម្មសិក្សា នៅតាមស្ថាប័ននានា ដើម្បីទទួលបទពិសោធន៍ការងារជាក់ស្តែង ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព និងមើលថែគ្នាទៅវិញទៅមក ៕
