លេចធ្លាយសារធាតុគីមី នៅរោងចក្រភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ពលរដ្ឋជុំវិញរោងចក្រត្រូវបានជម្លៀសចេញ
ឡូសអាន់ជឺឡេស៖ ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបនៅថ្ងៃអង្គារ ចំពោះការលេចធ្លាយសារធាតុគីមី នៅរោងចក្រមួយក្នុងទីក្រុងឡាហាប្រា ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលបានជំរុញឱ្យប្រជាជននៅក្បែរនោះ ស្វែងរកកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ននៅនឹងកន្លែង។
ហេតុការណ៍នេះត្រូវបានរាយការណ៍នៅម៉ោង ១១ និង ៥៣ព្រឹកថ្ងៃអង្គារ នៅក្នុងប្លុក ៥០០ នៃផ្លូវ South Cypress នៃទីក្រុងឡាហាប្រា។ ក្រុមពន្លត់អគ្គីភ័យ ដែលឆ្លើយតបបានរកឃើញរោងចក្រផលិតគីមីឧស្សាហកម្មមួយ ដែលមានផ្សែងពណ៌ទឹកក្រូចហុយចេញពីដំបូល នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យខោនធីឡូសអាន់ជឺឡេស។
យោងតាមនាយកដ្ឋាន តំបន់ជម្លៀសចម្ងាយ ១.៦គីឡូម៉ែត្រ ត្រូវបានបង្កើតឡើងនៅជុំវិញរោងចក្រ ។
ក្រុមសម្ភារៈគ្រោះថ្នាក់មកពីនាយកដ្ឋាន បានចូលទៅក្នុងរោងចក្រ ហើយបានគ្រប់គ្រងការលេចធ្លាយ។ ក្រោយមក ផ្សែងបានរសាយបាត់ទៅ។
បទបញ្ជាជម្លៀសត្រូវបានលុបចោលនៅរសៀលថ្ងៃអង្គារ។ នាយកដ្ឋានប៉ូលីសក្រុងឡាហាប្រា បានបន្តតាមដានគុណភាពខ្យល់នៅក្នុងតំបន់នោះ ហើយបានបញ្ជាក់ថា មិនមានហានិភ័យសកម្មចំពោះប្រជាជននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
