សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀនជាង ៣ម៉ឺនករណី និងឃាត់ខ្លួនមនុស្សជាង ៨ម៉ឺននាក់ គិតពីឆ្នាំ២០២៣មក
ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសសរុប ៣៤.១៤៩ ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ៨៧.៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៦តោន។
របាយការណ៍ បានចាត់ទុកលទ្ធផលប្រតិបត្តិការនេះ ថា ជាស្នាដៃកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងដល់ឃុំ សង្កាត់ ដែលបានខិតខំស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះប្រតិបត្តិការនេះទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយពួកឧក្រិដ្ឋជនកាចសាហាវ និងមានអាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ។
គួរកត់សម្គាល់ថា ដើម្បីពង្រឹងប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កម្មវិធីទូរសព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ មានប្រជាពលរដ្ឋសរុប ៩៨.៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរសព្ទដៃ «NoDrug» មកប្រើប្រាស់ និងបានរាយការណ៍ និងផ្ដល់តម្រុយព័ត៌មានចំនួន ៨.៦៩៨ ករណី។
គូសបញ្ជាក់ថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេច ក្នុងនោះបានអនុវត្តកាតព្វកិច្ចពិនិត្យរកសារធាតុញៀនលើមន្ត្រីទាំង ៣ប្រភេទ ក្នុងនោះ មន្ត្រីមានសារធាតុញៀន ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ៕
