អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ក្នុងស្រុកសាលាក្រៅ បិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា
ប៉ៃលិន ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ត្រឹមដំណាច់ខែកញ្ញា នេះ ជាកំហិត ។

ក្នុងឱកាសនោះ លោកស្រី អភិបាលខេត្ត បានគូសបញ្ជាក់ថា ការលុបបំបាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពទាំងអស់ ជាពិសេសល្បែងភ្នាល់តាម ប្រព័ ន្ធ អ៊ីនធឺណិត / អនឡាញ (Online Betting) ដែលជាប្រភពបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត លោកស្រី អភិបាលខេត្ត បានកំណត់កាលបរិច្ឆេទដាក់ ឱសានុវាទចុងក្រោយ ត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ អាជ្ញាធរ មានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ដោយផ្ទាល់ នៅតាមទីតាំងកាស៊ីណូ ទាំងនោះដោយគ្មានការ លើកលែង ឬយោគយល់ឡើយ គឺគ្រប់កាស៊ីណូទាំងអស់ ក្នុងខេត្តត្រូវតែគោរព និងអនុវត្តតាមការកំណត់ពេលវេលានេះ ដោយគ្មានការលើកលែងហើយកាស៊ីណូទាំងអស់ ត្រូវបានអនុញ្ញាតឱ្យមានតែអតិថិជន ដែលមកលេងដោយ ផ្ទាល់ដល់ ទីតាំងប៉ុណ្ណោះ ៕







