សម្តេចធិបតី សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញរូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត ។

ការបង្ហាញក្តីរំពឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងនោះប្រធានសមាគ JCA បានសង្កត់ធ្ងន់ អំពីការផ្ដោតអាទិភាពខ្ពស់ របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។

ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA លើកឡើងអំពីទិសដៅក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការ ជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាល អ្នកថែទាំរថយន្តជាដើម។
ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែម អំពីច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុន នាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ ដល់ក្រុមហ៊ុនជប៉ុន ឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា ។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែង ផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។

សម្ដេចធិបតី ក៏បានបង្ហាញ នូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អ ក្នុងការទាក់ទាញវិនិយោគិន ពីប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។
សម្ដេចធិបតី ក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អទាំងនេះ សម្ដេចធិបតី ក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត៕



