ព័ត៌មានជាតិ

គណៈប្រតិភូសភាពាណិជ្ជកម្ម អាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ បណ្ដាក់ទុនវិនិយោគ លើវិស័យសំខាន់ៗ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន អំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាព នៃការវិនិយោគនៅកម្ពុជា ។

លោកស្រី បានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការស្វាគមន៍ និងការគាំទ្រ របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មាន អំពីសក្តានុពលវិនិយោគ លើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេស បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់ រវាងវិនិយោគិន នៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានវិសាលភាពថែមទៀត ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ ACBC ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ច នៅកម្ពុជានាពេលនេះ។ សម្តេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ច រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ នៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។

សម្តេចធិបតី ក៏បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជា នឹងមានវត្តមានកាន់តែច្រើនឡើង នៅលើទីផ្សារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ, សម្តេចធិបតី បានគូសរំលេចពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់គោលដៅប្រែក្លាយកំពង់ផែ ក្រុងព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណង ជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗ របស់សហរដ្ឋអាមេរិកផងដែរ ៕

To Top