Feature

ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី

ភ្នំពេញ ៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកកម្ពុជា នៅសាលារាជធានីភ្នំពេញ។

“ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺជាប្រសិទ្ធនាមដែលទទួលស្គាល់ជាផ្លូវការ ដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ឬខណ្ឌ ដែលមានការអនុវត្តគំរូ និងមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនីតិ វិធីប្រតិបត្តិស្តង់ដារអប្បបរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ព្រមទាំងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្នុងពិធីទទួលស្គាល់នេះ លោក ឃួង ស្រេង បានរំលេចអំពីចំនួនភ្ញៀវទេសរ នៅផ្លូវថ្មើជើងចតុមុខ ប្រមាណ២០ម៉ឺននាក់ នាចុងសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកផ្លូវថ្មើជើងចតុមុខ ធ្វើជាតំបន់គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីយ៉ាងពិតប្រាកដ។

ក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។ ការងារនេះមិនចប់ប៉ុណ្ណឹងទេ នឹងបន្តរៀនចំឱ្យមានតំបន់ផ្សេងទៀត ជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះ ជាគំរូ ជាកម្លាំងចលករ សម្រាប់ខណ្ឌផ្សេងទៀត បន្តរៀបចំមូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារីបន្តទៀត។

រាជធាភ្នំពេញ គឺជាច្រកទ្វារ ទទួលភ្ញៀវទេសចរ មកពីគ្រប់ទិសទី ហើយក្នុងនោះខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើន ដែលមានទាំង រមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើជើងចតុមុខជាដើម។

លោក ហួត ហាក់ បានបញ្ជាក់ថា ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីនេះ គឺជាសមិទ្ធផលដែលកើតចេញពី កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ហើយជ័យលាភី “ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” មិនគួរត្រូវបានចាត់ទុក ត្រឹមតែជាការទទួលស្គាល់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួម ដើម្បីបន្តរក្សា និងពង្រឹងបរិយាកាសទេសចរណ៍ គ្មានផ្សែងបារី ប្រកបដោយសុវត្ថិភាព សុខភាព និងភាពទាក់ទាញ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្ថែមថាការឱ្យពិន្ទុរបស់ផ្លូវថ្មើរជើងចតុមុខ ចូលទៅក្នុងលំដាប់លេខ២ ក្នុងចំណោមផ្លូវ Walk street ទាំង១០ ដ៏ល្បីល្បាញនៅលើពិភពលោក ដោយសារទីតាំង បរិស្ថាន សោភ័ណភាព រួមទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយជាពិសេសទៅទៀត សម្រាប់ជាសក្ខីភាព នៃការចូលរួមអបអរសាទរ និងការទទួលស្គាល់ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៌ដែលគ្មានផ្សែងបារីផងដែរ៕

To Top